Tuesday, August 25, 2015
រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅវៀងច័ន្ទ
រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅវៀងច័ន្ទ
នៅក្នុងបរិវេណនៃវត្តថាតហ្លួង
(វត្តធាតុស្តេច) នៅទីក្រុងវៀងច័ន្ទ ប្រទេសលាវ/ឡាវបច្ចុប្បន្ន
យើងបានឃើញនូវចម្លាក់ថ្មមួយឆ្លាក់ជាក្បាច់ក្រឡោត
តំណាងព្រះបាទជ័យវរ្ម័នទី៧ (គ.ស. ១១៨១-១២១៨ )ស្ថិតក្នុងឥរិយាបទសមាធិ
ដោយមានព្រះហស្ថទាំងពីរលា ហើយដាក់គងលើគ្នាលើភ្លៅ
ពោលគឺមិនមែនជាកាយវិការកំពុងប្រណម ឬអញ្ជលីឡើយ។
បើគេពិនិត្យព្រះរូបនេះឲ្យបានម្មត់ចត់បន្តិចទៅ
គេនឹងឃើញថា ព្រះកេសរបស់ចម្លាក់ ត្រូវបានជួសជុលឡើងវិញ ដោយហេតុថា
ឆ្នូតដើមនៃព្រះកេសា ត្រូវបានវិចិត្រករលាវ/ឡាវ នៅស.វទី១៤ បញ្ឈូស
ហើយជំនួសដោយក្បាច់គួចត្របាញ់ដុំៗ។ រីឯ ផ្នួងសក់នៅលើព្រះកេស
ត្រូវបានជំនួសដោយ កន្តុប ឬពក របស់ព្រះពុទ្ធអង្គវិញ
ដែលតំណាងឲ្យឥទ្ធិពលពិសិដ្ឋ
និងភាពឆ្លាសវៃគ្មានព្រំដែនរបស់ព្រះសម្មាសម្ពុទ្ធ។ ក្រៅពីនេះ
ចម្លាក់នេះថែមទាំងត្រូវបានលាបម្រ័ក្សណ៍ខ្មៅរលោងថែមទៀតផង
ក្នុងខណៈដែលព្រះបាទ ផាងុំ ស្តេចលាវដំបូងបង្អស់បានកាន់កាប់ភូមិភាគនេះ។
ដោយឥតសង្ស័យ គេអាចនិយាយបានថា ការកែប្រែ
ឬការច្នៃរូបសំណាក់របស់ព្រះបាទជ័យវរ្ម័នទី៧ ខាងលើនេះ
គឺដើម្បីធ្វើឲ្យព្រះរូបរបស់ទ្រង់ឲ្យក្លាយទៅជាព្រះពុទ្ធអង្គ
ជាទីគោរពសក្ការៈ ក្នុងមូលហេតុសាសនា។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី
ក៏ព្រះបដិមាដ៏សំខាន់សម្រាប់ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាបុរាណ
បានរក្សានៅឡើយនូវលក្ខណៈមួយចំនួន ដែលបង្ហាញអំពីមនុស្សភាពនៃចម្លាក់ ដូចជា
សំពត់ខ្មែរ និងផ្នួងសក់ជាដើម ដូចដែលមាននៅលើចម្លាក់មួយនៅសារមន្ទីរជាតិភ្នំពេញ។នៅមានឧទាហរណ៍សំខាន់មួយទៀត ដែលអនុញ្ញាតឲ្យយើងអាចសន្និដ្ឋានយ៉ាងត្រឹមត្រូវបានថា ព្រះរូបនៅវត្តថាតហ្លួង គឺពិតជារូបសំណាក់របស់ព្រះបាទជ័យវរ្ម័នទី៧យ៉ាងប្រាកដមែន គឺភាពរឹងមាំនៃដងខ្លួន ដែលបង្ហាញតាមរយៈព្រះហស្ថ និង ព្រះបាទា ដែលប្រកបដោយកម្លាំងមាំមួន ដូចករណីនៃចម្លាក់មកពីប្រាសាទព្រះខ័ន កំពង់ស្វាយ នៅខេត្តព្រះវិហារ ដែលលោកអួងវននិងរូបយើងផ្ទាល់បានរកឃើញកន្លងមក។
ដោយយោងលើលក្ខណៈសម្បត្តិទាំងប៉ុន្មានខាងលើនេះ
យើងអាចសន្និដ្ឋានបានថា រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ ដ៏ខ្លាំងពូកែ
ដែលយើងទើបតែបានពិពណ៌នានៅខាងលើនេះ ពិតជាស្ថិតក្នុងឥរិយាបទសមាធិ
ដូចករណីចម្លាក់មួយដែលយើងបានរកឃើញនៅប្រាសាទព្រះខ័នកំពង់ស្វាយ
ក្នុងខេត្តព្រះវិហារកន្លងមក
ហើយដែលសព្វថ្ងៃរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ។ ដូច្នេះ ពាក់ព័ន្ធទៅនឹងលក្ខណៈដើមនៃព្រះរូបរបស់យើង
គេមិនត្រូវមានការមន្ទិលសង្ស័យតទៅទៀតឡើយ៕
Subscribe to:
Posts (Atom)